ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបសំណេះសំណាលជាមួយនឹងពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ចំនួន៤០គ្រួសារ នៅឃុំមេបុណ្យ

នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងពលករចំណាកស្រុក ដែលត្រឡប់មកពីប្រទេសថៃ ចំនួន៤០គ្រួសារ នៅក្នុងឃុំមេបុណ្យ (ក្នុងបរិវេណ វត្តមេបុណ្យ) ស្រុកស្វាយអន្ទរ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុក កងកម្លាំង រដ្ឋបាលឃុំ ថ្នាក់ដឹកនាំភូមិ និងយុវជន យុវនារី ចំនួន១៥៦នាក់។
សូមបញ្ជាក់ថា បងប្អូនពលករចំណាកស្រុកទាំងនោះ មកពីភូមិទាំង៧នៃឃុំមេបុណ្យ រួមមាន៖ ភូមិចចក១ មាន១៣គ្រួសារ, ភូមិរកាខ្សុក មាន១គ្រួសារ, ភូមិថ្កូវ មាន២គ្រួសារ, ភូមិមេបុណ្យ មាន២គ្រួសារ, ភូមិភ្នំគង់ មាន៣គ្រួសារ, ភូមិចចក មាន១គ្រួសារ និងភូមិហាបូរ មាន១៨គ្រួសារ។
ក្នុងឱកាសនោះ ក្រុមការងារក៏បាននាំយកអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជូនបងប្អូនពលករ ក្នុង១គ្រួសារទទួលបាន អង្ករចំនួន២០ គីឡូក្រាម មី១កេស ក្រមា១ និងថវិកា ៥០,០០០រៀល ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនផងដែរ៕
































