ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងស្នប់ទី៦ និងទី៧ ជូនប្រជាពលរដ្ឋ នៅឃុំល្អាង ស្រុកដងទង់
————–

ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) និងលោក Dale Jones ម្ចាស់ជំនួយសប្បុរសជនសហរដ្ឋអាមេរិក ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងស្នប់ទី៦ និងទី៧ ជូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្តម វ៉ាន់ ដារ៉ា បានថ្លែងអំណរគុណចំពោះសមានចិត្តដ៏ល្អរបស់លោក Dale Jones ជាម្ចាស់ជំនួយសប្បុរសជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយមនុស្សធម៌ផ្តោតលើការជីកអណ្តូងទឹកជូនប្រជាពលរដ្ឋនៅឃុំល្អាង ស្រុកដងទង់ ក្នុងខេត្តកំពត។
ឯកឧត្តម បានបន្តទៀតថា ការផ្តល់អណ្តូងទឹកនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។
ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផល ដើឱ្យការប្រើប្រាស់អណ្តូងទឹកទាំងនេះបានយូរអង្វែង សូមរួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍។
សូមបញ្ជាក់ថា អណ្តូងទឹកខាងលើ បានចំណាយថវិកាអស់ចំនួន ២,៣០០,០០០រៀល (ពីរលានបីសែនរៀល) ក្នុងនោះ អណ្តូងទឹកមួយជាថវិកាផ្ទាល់របស់ឯកឧត្តម វ៉ាន់ ដារ៉ា។
បន្ទាប់មក ឯកឧត្តម និងក្រុមការងារ បានចុះទៅសួរសុខទុក្ខលោក ម៉ី ទន ប្រធានក្រុមប្រឹក្សាស្រុកជុំគីរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត និងបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀលផងដែរ៕













