• លោកឧត្តមសេនីយ៍ទោ ស ថេង នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជនចំនួន ១៨គ្រួសារ

    លោកឧត្តមសេនីយ៍ទោ ស ថេង នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជនចំនួន ១៨គ្រួសារ

    ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងគណៈស្នងការបានចុះសួរសុខទុក្ខ សំណេះសំណាលអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន១៨ គ្រួសារដែលបច្ចុប្បន្នកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
    លោកឧត្តមសេនីយ៍ទោ ស ថេង បានមានប្រសាសន៍ថា អ្វីៗដែលបានកើតមានឡើងក្នុងបច្ចុប្បន្ននេះពិសេសគឺសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល ពោរពេញដោយស្នាមញញឹមនិងការអភិវឌ្ឍន៍ ចាប់ពីទីក្រុងដល់ជនបទទាំងនេះគឺជាគុណបំណាច់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ក្នុងការធ្វើពលិកម្មគ្រប់សព្វឧបសគ្គស្ទើរពេញមួយជីវិត។

    លោកស្នងការបានក្រើនរំលឹកបន្ថែមសូមឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់នាំគ្នាចូលរួមថែរក្សាការពារនូវសន្តិភាព ដែលបានមកពីញើសនិងឈាមរបស់យើងគ្រប់ៗគ្នាឱ្យបានគង់វង្សដើម្បីភាពសុខសាន្តដល់កូនចៅជំនាន់នេះនិងជំនាន់ក្រោយ ទន្ទឹមនេះខិតខំចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីទទួលបានប្រសិទ្ធភាពពិតប្រាកដ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស ថេង ព្រមទាំងគណៈស្នងការក៏បានពាំនាំនៅអំណោយជូនដល់ក្រុមគ្រួសារទាំង១៨ គ្រួសារនោះផងដែរ និងបានផ្តល់ថវិកាដល់កម្លាំងនៅប្រចាំការនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង និងប្រជាការពារ។
    លោកស្នងការ ក៏បានចុះត្រួតពិនិត្យពង្រឹងការងារសួរសុខទុក្ខ និងនាំយកនូវថវិកានិងគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងដែលប្រចាំការរក្សាសន្តិភាព សុវត្ថិភាព ជូនគ្រួសារអតីតយុទ្ធជន នៃភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងផងដែរ ។

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online