លោក ហួន រដ្ឋា បានចេញបទវិភាគអំពី ភាពខ្លាំងរបស់កម្ពុជាក្នុងអំឡុងពេលមានជម្លោះជាមួយថៃ និងក្រោយពេលចប់ជម្លោះ..
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នេះ លោក ហួន រដ្ឋា បានចេញបទវិភាគខ្លះៗអំពីភាពខ្លាំងរបស់កម្ពុជាក្នុងអំឡុងពេលមានជម្លោះជាមួយថៃ និងក្រោយពេលចប់ជម្លោះ ដោយលោកបានធ្វើការវិភាគថា នយោបាយកម្ពុជាកំពុងធ្វើឲ្យពិភពលោកបានដឹងអំពីភាពរឹងមាំរបស់កម្ពុជា ទាំងវិស័យនយោបាយការទូត និងយុទ្ធសាស្ត្រនយោបាយ ដែលអាចធ្វើឲ្យប្រទេសដែលមានបំពានឈ្លានពានមានការខ្លាចរអា និងវិលក្បង់ហើយតាមមិនទាន់នយោបាយកម្ពុជា។
លោក ហួន រដ្ឋា បានបន្ថែមថា យើងបានដឹងហើយប្រទេសថៃជាប្រទេសដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ មានទាំងសេដ្ឋកិច្ចធន់ធាន និងសព្វាវុធ ក៏ជាប្រទេសមានអំណាចមួយផងដែរនៅក្នុងតំបន់អាស៊ាន ប្រទេសថៃបានប្រើអំណាចខ្លួនជាប្រទេសអ្នកមានចង់ប្រើយុទ្ធសាស្ត្រកងទ័ពទាំងកម្រោលលេបត្របាក់ប្រទេសកម្ពុជា ព្រោះកម្ពុជាជាប្រទេសតូច ហើយទើបងើបពីសង្គ្រាមស៊ីវិលមិនសូវមានធន់ធាន និងសេដ្ឋកិច្ចឡើយ ជាងនេះប្រទេសថៃមានការចញ្ចឹមចិត្តជាប្រវត្តសាស្ត្រ ដែលចង់លេបត្របាក់ប្រទេសកម្ពុជាទាំងមូលយូរណស់មកហើយ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ ប្រទេសថៃបានធ្វើសកម្មភាពខុសពេលវេលា ខុសសម័យកាល និងខុសមនុស្ស ដែលបានធ្វើឲ្យមហិឆ្ឆិតារបស់ថៃ ក្លាយទៅជាវិបត្តិនយោបាយក្នុងប្រទេសថៃ និងការដណ្តើមអំណាចគ្នា កងទ័ពថៃមិនស្តាប់រដ្ឋាភិបាលថៃដែលជាប់ឆ្នោត រដ្ឋាភិបាលមិនអាចគ្រប់គ្រងស្ថានការណ៍ គណបក្សនយោបាយកំពុងដឹកនាំធ្វើបាតុកម្មគ្រប់ទីកន្លែង។
លោក ហួន រដ្ឋា បានវិភាគបន្តថា ហេតុអ្វីបានជាប្រទេសថៃឈ្លានពានប្រទេសកម្ពុជា គឺព្រោះថា ប្រទេសកម្ពុជាជាប្រទេសតូចមួយដែលទើបងើបពីសង្គ្រាមស៊ីវិល ដូច្នេះកម្លាំងនៃភាពទន់ខ្សោយសេដ្ឋកិច្ច និងធន់ធានក៏នៅមានកម្រិត ដែលជាហេតុធ្វើឲ្យប្រទេសថៃមានមហិឆ្ឆិតាលេបត្របាក់ប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជាមានមេដឹកនាំដ៏ឆ្នើម ដែលពិភពលោកកម្របានជួប ប្រទេសកម្ពុជាបានយុទ្ធសាស្ត្រយកឈ្នះមហិឆ្ឆិតារបស់ថៃបាន តាមយុទ្ធសាស្ត្រនយោបាយ និងនយោបាយការទូត ព្រមទាំងយន្តការច្បាប់អន្តរជាតិ។
លោក ហួន រដ្ឋា បានបញ្ជាក់អំពីឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត ដើម្បីយកឈ្នះការប្រមាថ និងការឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពជាតិកម្ពុជាដោយសន្តិភាព សម្តេចទាំងពីរបានប្រើយុទ្ធសាស្ត្រ ៖
១.ការអត់ធ្មត់ខ្ពស់ ២.ការសម្លឹងមើលឃើញវែងឆ្ងាយក្រោយលទ្ធផល ៣.យុទ្ធសាស្ត្រការទូតអន្តរជាតិ ៤.យន្តការច្បាប់អន្តរជាតិ ៥.ចិត្តសាស្ត្រនៃការចង់បានសន្តិភាព ៦.រងចាំឳកាស ៧.ការទាមទាររកភាពយុត្តិធ៌
ចំណុចទាំង៧នេះ កំពុងឈានចូលជាបណ្តើរៗ បន្ទាប់ពីអាស៊ាន អឺរ៉ុប និងចិន កំពុងតែយកចិត្តទុកដាក់យ៉ាងស្រស្រាក់ស្រស្រាំ ក្នុងការអន្តរាគមន៍ជំរុញឲ្យអនុវត្តបទឈប់បាញ់ និងបញ្ជូនមន្ត្រីមកចុះតាមដានពិនិត្យការអនុវត្តបទឈប់បាញ់នៃប្រទេសទាំងពីរ និងជំរុញឲ្យទេសទាំងពីរវិលទៅរកស្ថានភាពដើម។
លោក ហួន រដ្ឋា បានបញ្ជាក់បន្ថែមនៅក្នុងបទវិភាគនេះថា អ្វីដែលជាភាពអស្ចារ្យបំផុតនោះ គឺប្រទេសម៉ាឡេស៊ី ដែលប្រធានអាស៊ាន និងជាប្រធានចរចាបទឈប់បាញ់កម្ពុជា ថៃ ព្រមទាំងប្រទេសសហប្រធានអាមេរិក និងប្រទេសសហប្រធានចិន កំពុងយកចិត្តទុកខ្លាំង ជាងនេះ ប្រទេសម៉ាឡេស៊ីក៏បានស្នើបញ្ជូនកម្លាំងចុះនៅតាមតំបន់ការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅតាមបន្ទាត់ព្រំដែនចំងាយជាង៨០០គីឡូម៉ែត្រ ដើម្បីពិនិត្យមើលបទឈប់បាញ់។
ក្រោមការដឹកនាំនយោបាយចង់បានសន្តិភាពនិងអនុវត្តឈប់បាញ់ រដ្ឋាភិបាលកម្ពុជាក៏បានស្នើអោយអនុព័ន្ធដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះទៅដល់ទីតាំងដែលកងទ័ពថៃកំពុងឈ្លានពាន និងរាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ ដែលបានរំលោភបទឈប់បាញ់ក្រោមការខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ី ប្រទេសសហរដ្ឋអាមេរិក និងប្រទេសចិន។
លោក ហួន រដ្ឋា បានបន្តបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា បានដឹងមុនយ៉ាងច្បាស់ថា ថៃច្បាស់ជានឹងដើរតាមកម្ពុជា នឹងដឹកនាំមន្ត្រីទូតបណ្តាប្រទេសប្រចាំនៅប្រទេសថៃ ដើម្បីទៅពិនិត្យនៅតាមបន្ទាត់ព្រំដែន ប៉ុន្តែទីតាំងដែលថៃបានបង្ហាញច្បាស់ណាស់មិនមែនជាទីតាំងដែលពួកថៃព័ទ្ធយកដី និងផ្ទះពលរដ្ឋកម្ពុជានោះទេ ដែលជាចំណុចដ៏រសើបរបស់ថៃមិនបង្ហាការពិត សម្រាប់អន្តរជាតិ ទាំងនេះគឺធ្វើអន្តរជាតិដកទំនុកចិត្តពីប្រទេសថៃកាន់តែខ្លាំងថែមទៀត។
អ្វីដែលកម្ពុជាទទួលបានពីជម្លោះព្រំដែនកម្ពុជា ថៃ នាពេលខាងមុខ ប្រសិនបើជម្លោះកាន់តែក្តៅ ហើយមានអន្តរជាតិកាន់តែចុះមកច្រើន ដើម្បីរួមគ្នាជំរុញឲ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ នោះច្បាស់ណាស់ដើម្បីសន្តិភាពអន្តរជាតិនឹងបង្ខំឲ្យទាញផែនទីដែលទទួលស្គាល់ដោយអន្តរជាតិ ហើយបង្ខំឲ្យប្រទេសទាំងពីរអនុវត្តគោរពដែនអធិបតេយ្យភាពរៀងៗខ្លួន ក្នុងករណីប្រទេសទាំងពីរ ឬភាគីប្រទេសណាមួយមិនសុខចិត្ត អន្តរជាតិនិងជំរុញឲ្យតុលាការយុត្តិធម៌អន្តរជាតិ ដោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលជាលទ្ធផលមួយមិនអាចបដិសេធបានឡើយ។ ជាងនេះកម្ពុជា ថៃ បានដោះស្រាយដោយស្ថានពរនិងសន្តិភាពបំផុត ហើយការកំណត់ព្រំដែនខណ្ឌសីមា រវាងប្រទេសទាំងពីរក៏ត្រូវបានបញ្ចប់ច្បាស់លាស់ ហើយប្រជាពលរដ្ឋប្រទេសទាំងពីរក៏អាចប្រស្រ័យទំនាក់ទំនងគ្នាដូចមុនវិញផងដែរ។
នៅក្នុងជម្លោះកម្ពុជា ថៃ និងក្លាយទៅជាបទពិសោធថ្មីមួយសម្រាប់ពិភពលោក ដែលជាការដោះស្រាយប្រកបដោយសន្តិភាព និងក្លាយទៅជាគំរូសម្រាប់ប្រទេសផ្សេងៗទៀត តាមរយៈបទពិសោធចំនួន៧ចំណុចរបស់មេដឹកនាំកម្ពុជា ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់យ៉ាងពិតប្រាកដថា ជាមេដឹកនាំដ៏ឆ្នើម និងត្រូវការសន្តិភាពយ៉ាងពិតប្រាកដ។
លោក ហួន រដ្ឋា បានលើកឡើងអំពីសំនួរខ្លះបានសួរថា ៖ តើប្រទេសថៃនឹងមាការយល់ព្រមដែរទេ? ជាការពិតណាស់ប្រទេសថៃ អាចនឹងមិនយល់ព្រមក្នុងដោះស្រាយដោយសន្តិភាព និងលទ្ធផលដែលទទួលយកផែនទីអន្តរជាតិទទួលស្គាល់សម័យបារាំងសៀមនោះទេ ប៉ុន្តែ តើប្រទេសថៃចង់បើកការវាយប្រហារជាថ្មីមកលើប្រទេសកម្ពុជាពិតមែនដែរឬទេ? ក្នុងករណីនេះតើប្រទេសថៃនឹងជួបអ្វីខ្លះ? បច្ចុប្បន្នប្រទេសថៃ កំពុងជួបវិបត្តិធ្ងន់ធ្ងរបណ្តើរៗហើយ ដូចជា ៖ ភាពវឹកវរបាតុកម្មរបស់ក្រុមហ្វូបាតុករ ក្រោយបិទច្រកទ្វារព្រំដែនជាមួយប្រទេសកម្ពុជា សេដ្ឋកិច្ចប្រទេសថៃចាប់ផ្តើធ្លាក់យ៉ាងកំហុក ការវិលត្រឡប់របស់ពលករកម្ពុជាមកកាន់មាតុប្រទេស ធ្វើក្រុមហ៊ុន សហគ្រាសជាច្រើននៅប្រទេសថៃបានជួបវិបត្តិធ្ងន់ធ្ងរ តំបន់ភាគខាងជើងមួយចំនួនរបស់ប្រទេសថៃ កំពុងប្រឆាំងតវ៉ាដោយប្រដាប់អាវុធដើម្បីផ្តាច់ខ្លួនជារដ្ឋឯករាជ ការរង្គាំរង្គោះនៅតាមបន្ទាត់ព្រំដែនម៉ាឡេស៊ី ភូមា ឡាវ និងកម្ពុជា ដែលជាហេតុធ្វើឲ្យចរន្តសេដ្ឋកិច្ចថៃ បានជួបវិបត្តិកាន់តែខ្លាំងឡើងៗ។
ក្នុងករណីថៃ មិនស្តាប់អន្តរជាតិ ហើយធ្វើការវាយប្រហារឈ្លានពានទឹកដីកម្ពុជាបន្តទៀត នោះថៃនឹងទទួលបានសម្ពាធពីអន្តរជាតិ ជាពិសេសអាមេរិក ចិន អាស៊ាន និងអឺរ៉ុប។
លោក ហួន រដ្ឋា បានបញ្ជាក់នៅក្នុងបទវិភាគនេះបន្ថែមថា ក្រោយជម្លោះកម្ពុជាថៃ ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានសន្តិភាពបំផុត ហើយត្រូវបានអន្តរជាតិទទួលស្គាល់ ក្រុមអ្នកធុរៈកិច្ច វិនិយោគទុនទាំងអាស៊ី និងអឺរ៉ុប នឹងសម្រុកមកវិនិយោគនៅកម្ពុជា ហើយប្រទេសកម្ពុជា នឹងបើកចំហរដល់ជើងមេឃសម្រាប់ការចូលមកកាន់ប្រទេសកម្ពុជាពីបណ្តាអ្នកវិនិយោគទាំងឡាយ៕




