• លោកបណ្ឌិត សៀន សុវណ្ណា នាំយកអំណោយមនុស្សធម៌ចែកជូនជនភៀសសឹក ៥៤គ្រួសារ នៅសង្កាត់គោកចក ក្រុងសៀមរាប

    លោកបណ្ឌិត សៀន សុវណ្ណា នាំយកអំណោយមនុស្សធម៌ចែកជូនជនភៀសសឹក ៥៤គ្រួសារ នៅសង្កាត់គោកចក ក្រុងសៀមរាប

    (សៀមរាប)៖ លោកបណ្ឌិត សៀន សុវណ្ណា ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនជនភៀសសឹក ចំនួន ៥៤គ្រួសារ ដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ន នៅវត្តប្រាសាទគោកចក និងវត្តអធ្វា ក្រុងសៀមរាប ខេត្តសៀមរាប។

    កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក សោ សុន្ទរ៍ធារី និងលោក អ៊ុត ដារ៉ា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, លោក ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនចូលរួមផងដែរ។

    ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សៀន សុវណ្ណា បានលើកឡើងថា ការនាំយកអំណោយមកជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលនេះ គឺដើម្បីជួយសម្រាលការលំបាកដែលកំពុងប្រឈមនានា។ ក្នុងនោះដែរ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, មី ១កេស និងទឹកប្រាក់ ៥០,០០០ រៀល។ បន្ថែមពីនេះ ចៅសង្កាត់គោកចកក៏បានចែកជូននំកញ្ចប់មួយចំនួនទៀត ទៅកាន់ជនភៀសសឹកផងដែរ។

    លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា។ លោកបណ្ឌិត បានសម្តែងការកោតសរសើរ ចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់បងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានជឿជាក់លើរាជរដ្ឋាភិបាល។

    លោកបណ្ឌិត សៀន សុវណ្ណា បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជា ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ពិតជាមិនរត់ចោលបងប្អូនប្រជាពលរដ្ឋឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

    ជាមួយនេះដែរ លោកបណ្ឌិត សៀន សុវណ្ណា សង្ឃឹមថាបងប្អូនជនភៀសសឹកទាំងអស់ នឹងបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួនវិញក្នុងពេលឆាប់ៗខាងមុខនេះ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online