កម្ពុជា និងថៃបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមសម្របសម្រួល (CG) ដើម្បីបង្កើនទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ជូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅថ្ងៃទី១៦ ខែសីហា ដែលរៀបចំដោយប្រទេសថៃ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនងជាប្រចាំរវាងគ្រប់តំបន់កងទ័ព តំបន់យោធា និងអង្គភាពនៅតាមព្រំដែន។
កម្ពុជាបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជៀសវាងនូវសកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងដោយយថាហេតុ រួមបញ្ចូលទាំងការដាក់លួសបន្លា ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសសំណង់លំនៅឋានស៊ីវិល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ព្រោះថាការវិវឌ្ឍទាំងនេះអាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាបាននូវបរិយាកាសស្ថិរភាព និងសន្តិភាព។
សូមរំលឹកថា កម្ពុជាបានចោទប្រកាន់ថា ភាគីថៃបានព្យាយាម «ច្រើនវិធី» ដើម្បីបង្កបញ្ហានៅតាមព្រំដែន រួមមានការសាងសង់របង ការបាញ់ជំពាមកៅស៊ូ ការប្រើប្រាស់ «សង្គ្រាមផ្លូវចិត្ត» និង «បង្កើតព័ត៌មានមិនពិត»។ ហេតុការណ៍ចុងក្រោយនេះបានកើតឡើងនៅខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានដាក់រាយលួសបន្លា និងកង់រថយន្តនៅតាមព្រំដែន។





