• តើកងទ័ពថៃហ៊ានប្រើអាជ្ញាសឹកលើប្រជាពលរដ្ឋកម្ពុជា ដែលការពារទ្រព្យសម្បត្តិរបស់ពួកគាត់ស្របច្បាប់នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃឈ្លានពានរាយបន្លាលួសរំលោភយកដី និងផ្ទះរបស់ពួកគាត់ដែរឬទេ?.

    ថ្មីៗនេះ បន្ទាប់ពីយុទ្ធនាការដង្ហែក្បួនឡានដឹកលាមក ដែលមានភ្ជាប់ទង់ជាតិរបស់ប្រទេសថៃឡង់ របស់ក្រុមសង្គ្រាមជ្រុលនិយមថៃ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ស្រាប់តែសារព័ត៌មានថៃ បានចេញផ្សាយថា កងទ័ពថៃបានចេញអាជ្ញាសឹកចំពោះប្រជាពលរដ្ឋកម្ពុជា ដែលនាំគ្នាតវ៉ា និងរាយខ្សែបន្លាលួសឈ្លានពានលើទឹកដីកម្ពុជាស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលរដ្ឋបាលថៃបានហៅថា ជាតំបន់ណងចាន់ ខេត្តស្រះកែវ។

    នៅថ្ងៃទី២៩នេះដែរ ភា្នក់ងារព័ត៌មាន Khaosod English ថៃបានផ្សាយថា ចំពោះការកាត់បន្លាលួសដែលកងទ័ពថៃបានដាក់រួចហើយ ហើយពលរដ្ឋកម្ពុជាបានទៅកាត់យកទៅនោះគឺជាសម្បត្តិរដ្ឋថៃ ដូច្នេះកងទ័ពថៃនិងសមត្ថកិច្ចថៃអាចអនុវត្តតាមច្បាប់ព្រហ្មទណ្ឌរបស់ថៃ ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិតតែម្តង។

    ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលនៅតែបន្តលួចឆ្លងដែនចូលក្នុងប្រទេសថៃ នោះសមត្ថកិច្ចអន្តោរប្រវេសន៍័ថៃ និងអនុវត្តច្បាប់អន្តរប្រវេសន៍របស់ថៃ និងអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់បំផុត។

    គួរបញ្ជាក់ថា កន្លងទៅកងទ័ពថៃបានបន្តធ្វើសកម្មភាពញុះញង់ពលរដ្ឋកម្ពុជា និងកងទ័ពកម្ពុជាយ៉ាងខ្លាំង ជាងនេះក៏បានបន្តចេញសារថ្មីៗ ដើម្បីធ្វើអោយប្រជាពលរដ្ឋកម្ពុជា មានអារម្មក្រោតខឹងជាមួយរាជរដ្ឋាភិបាល និងបែកបាក់ផ្ទៃក្នុងកម្ពុជា ព្រមទាំងបោកពលរដ្ឋកម្ពុជាអោយរំលោភបទឈប់បាញ់តាមរយៈញុះញង់អោយមានអំពើហឹង្សា ក៏ប៉ុន្តែអ្វីដែលថៃនៅតែមិននឹកស្មានដល់ថែមទៀត គឺប្រជាពលរដ្ឋកម្ពុជាបានរួមគ្នាជាធ្លុងមួយរួចហើយជាមួយរាជរដ្ឋាភិបាល ហើយប្រជាពលរដ្ឋបានតាមដាន និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលជានិច្ច បើទោះបីជានៅថ្ងៃទី២៦ ប្រជាពលរដ្ឋកម្ពុជាមានការខឹងសំបារបន្ទាប់ពីកងទ័ពថៃ បានចូលមករាយបន្លាលួសឈ្លានពានទឹកដីកម្ពុជានៅថ្ងៃទី២៥ក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

    ពាក់ព័ន្ធទៅនិងស្ថានភាពជម្លោះព្រំដែនកម្ពុជា ថៃ ប្រជាពលរដ្ឋកម្ពុជាបានមើលឃើញយ៉ាងច្បាស់ណាស់ថា កម្ពុជាកំពុងបានមានព្រៀបទាំងវិស័យការទូតអន្តរជាតិ ច្បាប់អន្តរជាតិ ចិត្តសាស្ត្រកងទ័ព និងរាស្ត្រ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិត ដែលធ្វើអោយអន្តរជាតិអាចឆ្លុះបញ្ចាំងឃើញការពិតថាប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជាពិតប្រាកដ។

    ជុំវិញអាជ្ញាសឹករបស់ប្រទេសថៃលើប្រជាពលរដ្ឋកម្ពុជា មានមតិខ្លះបានឆោទជាសំនួរថា តើកងទ័ពថៃ ពិតជាហ៊ានធ្វើពិតមែនដែរឬទេ? ខណៈដែលថៃកំពុងមានបញ្ហាប្រឈមជាច្រើនជាមួយសម្ពាធដែលកំពុងកើតឡើងនៅក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងវិស័យពាណិជ្ជកម្មទៀតផង។

    យោងតាមសភាពជាក់ស្តែង ប្រសិនបើថៃនៅតែបន្តរាយខ្សែបន្លាលួសឈ្លានពានទឹកដីកម្ពុជា ឬហ៊ានប្រើអាជ្ញាសឹកលើប្រជាពលរដ្ឋកម្ពុជាពិតមែននោះ នោះថៃបានបង្ហាញយ៉ាងច្បាស់ណាស់ ថៃគឺជាអ្នករំលោភបទឈប់បាញ់រវាងកម្ពុជា ថៃ រំលោភសិទ្ធមនុស្សអន្តរជាតិ និងសិទ្ធរស់រានមានជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online