ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលាធម្មសភា ១ខ្នង ក្នុងវត្តសាមគ្គីរាជវរារាម ហៅវត្តថ្មី

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមនិងមន្ត្រីរាជការកងកម្លាំងពុទ្ធបរិស័ទគ្រប់ទិសទី បញ្ចុះបឋមសិលាកសាងសាលាធម្មសភានៅវត្ត សាមគ្គីរាជវរារាម ហៅវត្តថ្មី ដែលទទឹង២០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ កម្ពស់០១ជាន់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តមបណ្ឌិត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងលោកតាលោកយាយ ប្រជាពលរដ្ឋ ក្រុងច្បារមន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត បានបន្តថា កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលអាណត្តិទី៧នេះ បានបន្តខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និង លោកជំទាវ ម៉េង វ៉ាន់ដានីន មានសទ្ធាជ្រះថ្លា ចូលរួមជាស៊ីម៉ង់ ៥០តោន បល្ល័ង្ករតនៈ និងរូបបដិមា សាងអំពីស្ពាន់ តម្កល់ទុក ក្នុងព្រះពុទ្ធសាសនាសម្រាប់គោរពបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី៕





