អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ បន្តទប់ស្កាត់ការសាងសង់សំណង់ខុសបច្ចេកទេស និងសាងសង់រំលោភលើដីចំនីផ្លូវសាធារណៈ

ប៉ៃលិន៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យការងារគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងម្ចាស់សំណង់ជាច្រេីនរូបទៀត លោកជំទាវបណ្ឌិត បាន ស្រីមុំ បានស្នើឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវសាធារណៈទូទាំងខេត្តប៉ៃលិន ។
លោកជំទាវ បានមានប្រសាសន៍លើកឡើងថាបច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងពង្រឹងនូវយន្តការទាំងឡាយ ដែលទាក់ទងទៅនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណាឱ្យខេត្តមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណ្ឌភាព ព្រមទាំងបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណ្ឌភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ហើយប្រសិនបើមានការសាងសង់ផ្ទះ ឬសាងសង់កន្លែងអាជីវកម្មផ្សេងៗ ត្រូវសុំច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមមុខនានា ដូចជា សំណង់គ្មានច្បាប់អនុញ្ញាត សំណង់ខុសបច្ចេកទេស និងការសង់រំលោភលើដីចំណីផ្លូវតាមសាធារណៈ ដែលបណ្តាលឱ្យខាតពេលវេលានិងថវិកា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តទប់ស្កាត់ការរំលោភលើដីសាធារណៈ ដូចជា៖ ដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ ដល់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ អោយយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ៕





