ឯកឧត្តម ខូយ រីដា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ សម្រេចបានប្រមាណជា ១៥ភាគរយហើយ

ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការសាងសង់ ចាក់ប៉េតុងបាត យ៉ាងមមាញឹក បានប្រមាណជា១៥ភាគរយហើយ សម្រាប់បម្រើជាគុណប្រយោជន៍ ជួយលើកកម្ពស់ដល់វិស័យសុខភាពសាធារណៈ ឱ្យកាន់តែប្រសើរឡើង។
សូមរំលឹកផងដែរថា គម្រោងសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានទំហំ៥៤ម៉ែត្រ X ២២ម៉ែត្រ និងកម្ពស់៥ជាន់ គឺជាគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ត ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបីតិ។
គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក បានប្រមាណជា១៥ភាគរយហើយ ដែលត្រូវការកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស បន្តចូលរួមចំណែកបរិច្ចាគធនធានហិរញ្ញវត្ថុ ដើម្បីសម្រេចបានជោគជ័យ៕






