• ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

    ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

    លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណកម្មការទី៨) និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខវីរកងទ័ពរងរបួសនៅសមរភូមិជួរមុខ ដែរកំពុងសម្រាកព្យាបាលជម្ងឺចំនួន ១៦នាក់ នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

    លោកជំទាវ ឡោក ខេង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនកងទ័ពគ្រប់ពលវេលា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ព្រមទាំងប្រតិភូទាំងអស់ បានជូនពរឱ្យវីរយុទ្ធជនមានសុខភាពល្អ និងឆាប់ជាសះស្បើយ ដើម្បីបានទៅបម្រើជាតិមាតុភូមិ ។

    ជាមួយគ្នានេះ លោកជំទាវ ឡោក ខេង បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ និងដឹងគុណដល់វីរភាពកងទ័ព ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខ សន្តិភាពជូនជាតិ និងប្រជាជន ព្រមទាំងសម្តែងនូវអំណរគុណក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីជាកងទ័ពអាវសជួរក្រោយ ដោយឈរលើសាមគ្គីភាពជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់។

    ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បាននាំយកថវិកាផ្តល់ជូនដល់វីរកងទ័ពដែលរបួសចំនួន ១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ លានរៀល និងក្រមា១ ដោយក្នុងនោះ ថវិកាសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ចំនួន ២០ម៉ឺនរៀល ក្នុងមួយនាក់ ថវិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ចំនួន ២០ម៉ឺនរៀល ថវិកាគណៈកម្មការទី៤ ចំនួន ២០ម៉ឺនរៀល ថវិកាគណៈកម្មការទី៨ ចំនួន ២០ម៉ឺនរៀល និងថវិកាគណៈកម្មការទី៩ ចំនួន ២០ម៉ឺនរៀល។

    ដោយឡែកសម្រាប់មន្ទីរពេទ្យខេត្តសៀមរាប ទទួលបានថវិកាចំនួន ៤លានរៀល ក្នុងនោះថវិកាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចំនួន ២លានរៀល ថវិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ចំនួន ៥០ម៉ឺនរៀល ថវិកាគណៈកម្មការទី៤ ចំនួន ៥០ម៉ឺនរៀល ថវិកាគណៈកម្មការទី៨ ចំនួន ៥០ម៉ឺនរៀល និងថវិកាគណៈកម្មការទី៩ ចំនួន ៥០ម៉ឺនរៀល ៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online