• អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំសិក្ខាសាលាពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំសិក្ខាសាលាពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)

    នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអង្គការ ជាដៃគូក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) NSPI 2.0 ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ ទិស ការងារអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ សិក្ខាសាលានេះដែលក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលជាដៃគូ ព្រមទាំងមន្រ្តីថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។

    នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានមានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាការចូលរួមចំណែកក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម របស់ជាតិ ដើម្បីសម្រេចនូវបេសកកម្មដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនទុកនរណាម្នាក់ចោលឱ្យនៅក្រៅបញ្ជីឡើយ” (Leave no one behind)។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងរយៈពេលជិតដប់ឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី១ (២០១៧-២០២៦) ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានគាំទ្រពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដោយទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ រួមមាន (១) បញ្ចប់ការកសាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (២) បញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តចំនួន១៦ សំដៅគាំទ្រការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (៣) ការរៀបចំមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច (Data Center) សំដៅសម្រេចនូវការអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និង (៤) ការដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) និងការរៀបចំបញ្ជីប្រជាជន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្ថែមថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី១ (២០១៧-២០២៦) គឺជាផែនការដ៏ល្អមួយដែលបានដឹកនាំតម្រង់ទិសលើការងារអត្តសញ្ញាណកម្មអស់រយៈពេលជិត៩ឆ្នាំមកហើយ ដែលបច្ចុប្បន្ន យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអនុវត្តផែនការនេះ ក្នុងន័យនេះហើយដែល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផ្តួចផ្តើម និងរៀបចំផែនការថ្មី គឺផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) ដើម្បីតម្រង់ទិសលើការងារអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (បន្តទៀត) ដើម្បីធ្វើយ៉ាងណាឱ្យផែនការនេះអាចឆ្លើយតបបានយ៉ាងល្អទៅនឹងតម្រូវការក្នុងប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា និងបក្ស៊ីឱ្យបានល្អជាមួយនិន្នាកាជាសកល (ជាអន្តរជាតិ) លើការងារអត្តសញ្ញាណកម្ម។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ NSPI 2.0 នេះ នឹងចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលនៅសេសសល់ ព្រមទាំងជំរុញកំណែទម្រង់ការងារអត្តសញ្ញាណកម្មឱ្យចាកចេញពីការចុះបញ្ជីអត្តសញ្ញាណកម្មបែបប្រពៃណី (ដោយការសរសេរដោយដៃ) ឱ្យទៅជាការចុះបញ្ជី និងផ្តល់សេវាតាមប្រព័ន្ធឌីជីថល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា ផែនការយុទ្ធសាស្ត្រជាតិ NSPI 2.0 ក៏ជាមូលដ្ឋានគ្រឹះ និងជាមគ្គុទេសក៍ដ៏សំខាន់លើការងារអត្តសញ្ញាណកម្ម
    ដែលនឹងផ្តោតសំខាន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) និងអត្តសញ្ញាណឌីជីថល ដើម្បីបង្កើនអត្រាចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណកម្ម ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មថ្នាក់ជាតិ និងប្រព័ន្ធនៃការផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរផងដែរ។ ជាងនេះទៅទៀតផែនការ NSPI 2.0 នឹងដើរតួនាទីស្នូលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដែលធ្វើប្រតិបត្តិការជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យ CamDX រួមទាំងប្រព័ន្ធ និងការទូទាត់ផ្សេងៗ (តាមទម្រង់ឌីជីថល) ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online