លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ

ប៉ៃលិន៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ជាមួយបងប្អូនពលករ ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៦០នាក់ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោមការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាក់អាជ្ញាធរ ខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលត្រឡប់មក ពីប្រទេសថៃ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជារបស់យើង ហើយសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់កាលទេសៈដោយមិនទុកពលរដ្ឋណាម្នាក់ចោលដោយមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ។
លោកជំទាវ បានមានប្រសាសន៍អំពាវនាវដល់បងប្អូនពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញសូមបន្ដស្នាក់នៅ នឹងធ្វើការនៅក្នុងប្រទេសរបស់យើង ព្រោះបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង ក៏មានតម្រូវការ បុគ្គលិក ធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលបងប្អូនចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួប បញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច ដូច្នេះហើយត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង ប្រើប្រាស់ផលិតផលរបស់យើង រួមគ្នាពង្រឹងខឿនការពារជាតិ និងខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង។
លោកជំទាវ បានមានប្រសាសន៍រំលឹកថា៖ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការ សម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។









