ហេតុការណ៍បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់លេខ៤៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសអ្នករត់ម៉ូតូកង់បីម្នាក់បានដេកស្លាប់ផ្កាប់មុខនៅក្នុងបន្ទប់ជួលមួយកន្លែង ហើយកូនប្រុសរបស់គាត់អាយុ១១ឆ្នាំម្នាក់ ដែលស្នាក់នៅជាមួយរវល់តែលេងហ្គេមអត់បានដឹងថាឪពុកស្លាប់នោះឡើយ ។ រហូតដល់បុរសម្នាក់ដែលជាមិត្តភក្ដិរបស់គាត់ទៅគោះទ្វារហៅដើម្បីឱ្យគាត់ទៅរត់ម៉ូតូកង់បី និងទៅយកខោដែលទុកនៅក្នុងបន្ទប់នោះផង ចូលទៅមើលជិតនិងចាប់អង្រួន ទើបដឹងថាស្លាប់បាត់ទៅហើយ ដោយពុំដឹងថាស្លាប់តាំងពីពេលណានោះទេ ។
បុរសដែលបានស្លាប់នោះឈ្មោះស៊ូ រ៉ាវុធ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ៧៣ ភូមិក្រូច ឃុំកន្សមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងបានស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ហើយពុំដឹងថាគាត់ស្លាប់ដោយសារតែមូលហេតុអ្វីឡើយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានប្រពន្ធនិងកូនប្រុសអាយុ១១ឆ្នាំម្នាក់ និងកូនស្រីអាយុ៥ឆ្នាំម្នាក់ ប្រពន្ធបានទៅធ្វើពលករនៅប្រទេសជប៉ុនរយៈពេល២ឆ្នាំកន្លះ ហើយរហូតពេលនេះទើបតែបាន២ឆ្នាំប៉ុណ្ណោះ ។ នៅសល់កន្លះឆ្នាំទៀត ទើបប្រពន្ធគាត់ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយឡែកសព្វថ្ងៃបុរសនេះបានមកស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ២នាក់កូនប្រុស រីឯកូនស្រីបានទុកឱ្យនៅជាមួយម្ដាយរបស់ជនរងគ្រោះនៅឯស្រុកកំណើត ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុមានបុរសម្នាក់ឈ្មោះសេង ករុណា អាយុ៤៤ឆ្នាំ ដែលត្រូវជាមិត្តភក្ដិរបស់គាត់ ដោយអត់ឃើញជនរងគ្រោះចេញទៅរត់ម៉ូតូកង់បីផង ហើយខ្លួនត្រូវទៅយកខោដែលទុកនៅក្នុងបន្ទប់ជនរងគ្រោះផង ក៏បានទៅគោះទ្វារបន្ទប់ហៅ ។ ប៉ុន្តែខណៈនោះអត់ឮឈ្មោះស៊ូ រ៉ាវុធ នោះឆ្លើយតបសោះ ចំណែកឯកូនប្រុសអាយុ១១ឆ្នាំនោះ រវល់ជាប់ដៃលេងហ្គេម ក៏អត់ឆ្លើយនិងអត់បើកទ្វារឱ្យដែរ បន្ទាប់មកបុរសជាមិត្តភក្ដិរូបនោះក៏ដើរទៅទិញកាហ្វេផឹកសិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយទិញកាហ្វេរួចលោកសេង ករុណា ដែលជាមិត្តភក្ដិនោះបានដើរទៅគោះទ្វារ និងស្រែកហៅឈ្មោះស៊ូ រ៉ាវុធ នោះម្ដងទៀត ហើយនៅតែអត់ឮឆ្លើយតបដដែល ។ ប៉ុន្តែការគោះទ្វារលើកទី២នេះ ត្រូវបានកូនប្រុសរបស់ជនរងគ្រោះបើកទ្វារឱ្យ ពេលនោះលោកសេង ករុណាដែលជាមិត្តភក្ដិ ក៏ដើរចូលទៅមើលនិងចាប់អង្រួន ទើបដឹងថាបុរសនោះស្លាប់បាត់ទៅហើយ ។
ក្រោយពេលទទួលបានដំណឹងនោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីតាំងខាងលើ រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕




