លោក ហួន រដ្ឋា បានលើកឡើងថា ថ្ងៃនេះបងប្អូនប្រហែលជាឃើញ រឿងកំពុងផ្ទុះនៅក្នុងបណ្តាញសង្គមហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកប្រធានពន្ធនាគារព្រៃស ដែលសង្ស័យថា ពាក់ព័ន្ធនឹងភាពមិនប្រក្រតី យ៉ាងណាមិញនៅថ្ងៃនេះដែរ ប្រធានពន្ធនាគារព្រៃស បានទាត់ចោលទាំងស្រុងលិខិតដែលអះអាងថា ក្លែងក្លាយ ដែលបង្ហោះដោយគណនីខ្មោច ករណីទណ្ឌិត ស្រី ស៊ីណា។
លោក ហួន រដ្ឋា និយាយថា បើយោងតាមសារព័ត៌មាន Fresh News ដ៏ល្បីនៅកម្ពុជាបានផ្សាយថា លោកឧត្តមអគារនុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានចេញមកទាត់ចោលទាំងស្រុង នូវលិខិតក្លែងក្លាយ ដែលបង្ហោះនៅតាមបណ្ដាញសង្គមដោយគណនីក្លែងក្លាយ ករណីទណ្ឌិត ស្រី ស៊ីណា ដែលប្រឌិតថា មានការឯកភាពឲ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោមរោគវិនិច្ឆ័យ មហារីកថ្លើម។
លោកបានបន្ថែមថា Fresh News បានបញ្ជាក់ថា លោក នុត សវនា បានអះអាងបែបនេះថា «នោះជាឯកសារក្លែងក្លាយ ហើយទណ្ឌិត ស្រី ស៊ីណា មិនត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យក្រៅពន្ធនាគារនោះទេ ហើយក៏មិនធ្លាប់ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យនោះឡើយ»។
គួររំលឹកថា ស្រី ស៊ីណា ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ចំពោះអំពើសាហាវរបស់ខ្លួន ដែលបានបាញ់សម្លាប់ជនរងគ្រោះនៅខណ្ឌច្បារអំពៅកាលពីឆ្នាំ២០២៤។ លោក ស្រី ស៊ីណា អតីតឧកញ៉ា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះដែលបានស្លាប់ និង៥០ម៉ឺនដុល្លារទៀតដល់អ្នករងរបួស។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនេះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ លោក ស្រី ស៊ីណា ត្រូវបានចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ រួមមាន៖ បទឃាតកម្ម និងបទរំលោភលើលំនៅដ្ឋាន។
លោក ហួន រដ្ឋា បានបញ្ជាក់ថា ពាក់ព័ន្ធជុំវីញករណីនេះ គួរស្នើសុំស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតជុំវិញរឿងនេះ តើលោក ស្រី ស៊ីណា ពិតជាបានទៅសម្រាកនៅមន្ទីរពេទ្រពិតមែនដែរឬទេ? ហើយលិខិតនេះពិតជាត្រឹមត្រូវឬក្លែងក្លាយ? យ៉ាងណាមិញការស៊ើបអង្កេតនេះមិនត្រឹមតែទៅលើលោកប្រធានពន្ធនាគារនោះទេ ក៏ប៉ុន្តែក៏សំដៅទៅដល់អ្នកបង្ហោះព័ត៌មាននេះដែរ ប្រសិនបើព័ត៌មិនពិតក្នុងករណីនេះមន្ត្រីរាជការគឺត្រូវបានរងការចោទប្រកាន់គ្មានភាពអយុត្តិធម៌ ក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះ តួនាទីការងារ ដើម្បីភាពច្បាស់លាស់ គឺត្រូវតែបើកការស៊ើបអង្កេត លុបបំបាត់អំពីពុករលួយអោយអស់ និងរក្សាភាពស្អាតស្អំដល់មន្ត្រីដែលបំពេញការងារត្រឹមត្រូវផងដែរ៕




