លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបាន គ្រឿងឥស្សរិយយស ពីប្រធានាធិបតីទីម័រឡេស្ត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត
លោក ហួន ច័ន្ទថុន បានសរសេរក្នុងសារលិខិតថា ក្នុងនាម គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងបំផុត នៅពេលដែលបានឃើញថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលគ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងការអញ្ចើញផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្ដេ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ។ ដែល ឯកឧត្តម José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្តល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ តាមរយៈបានដឹកនាំប្រទេសដ៏ឆ្លៀសវ៉ៃ និងនយោបាយឈ្នះឈ្នះបង្រួបបង្រួមជាតិអោយមានការអភិវឌ្ឍន៍ និងមានសន្តិភាព រហូតដល់បច្ចុប្បន្ន សម្រាប់ប្រទេសដទៃផ្សេងទៀត រៀនសូត្រជាបទពិសោធបាន។
ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច រូបនេះ បានបញ្ជាក់ថា ភាពល្បីល្បាញអស្ចារ្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស អោយមានការអភិវឌ្ឍន៍ និងសន្តិភាព មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ ក៏ប៉ុន្តែភាពល្បីល្បាញនេះក៏បានទៅដល់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំងមូល និងអឺរ៉ុបផងដែរ។ ហើយក៏ជាមោទនៈភាពដ៏ធំធេងសម្រាប់កម្ពុជា និងអ្នកនយោបាយកម្ពុជាជំនាន់ក្រោយ ដែលជាគំរូ និងជាបទពិសោធ ក្នុងការធ្វើនយោបាយដែលគិតគូពីប្រយោជន៍ជាតិជាធំ។
លោក ហួន ច័ន្ទថុន បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំនយោបាយប្រទេសអោយមានការអភិវឌ្ឍន៍រីកចំរើន និងភាពល្បីល្បាញទៅកាន់អន្តរជាសារជាថ្មីម្តងទៀត បន្ទាប់ពីសម័យអាណាចក្រអង្គរដ៏រ៉ុងរឿង ហើយនេះជាអ្វីដែលកូនខ្មែរគ្រប់រូបប្រាថ្នាចង់បាន។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតែបន្តសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកជំនាន់ក្រោយៗ នឹងបន្តដឹកនាំនយោបាយឈ្នះឈ្នះ រក្សាសន្តិភាពដល់កូនចៅជំនាន់ក្រោយៗបន្តទៀត ជាងនេះនឹងបន្តបង្កើនភាពល្បីល្បាផ្នែកនយោបាយលើឆាកអន្តរជាតិបន្ថែមទៀត ដើម្បីជាមោទនៈភាពកូនខ្មែរគ្រប់ៗគ្នា។
លោក ហួន ច័ន្ទថុន បានបង្ហាញអំពីភាពស្និតស្នាលក្នុងនាមជាអ្នកនយោបាយជំនាន់ក្រោយ ជាងនេះក៏ជាគណបក្សសម្ព័ន្ធភាពផងដែរ ដើម្បីធ្វើនយោបាយគិតគូពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ការពារឲ្យបានសុខសន្តិភាព និងផ្តល់ភាពសុខដុមរមនាជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕




