គេរងចាំមើលថា តើក្រុមហ៊ុន Guowang State Food Co., Ltd នឹងធ្វើការដោះស្រាយយ៉ាងណាបន្ទាប់ពី ក្រសួងបរិស្ថានបានអនុវត្តវិធានការច្បាប់យ៉ាងតឹរឹង នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ ដែលជាក្រុមហ៊ុនរោងចក្រផលិតដំណាប់ស្វាយ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា បានគ្រប់គ្រងនិងបញ្ចេញសំណល់រាវមិនត្រឹមត្រូវ ធ្វើឱ្យមានការបំពុលដល់អូរធម្មជាតិ និងធ្វើឱ្យមានត្រីងាប់មួយចំនួន។ ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើសនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ និងមាត្រា៦៤៤ និង មានត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៧២ ស្តីពីកិច្ចដំណើរការវាតម្លៃហេតុប៉ះពាល់បរិស្ថាន។
នៅទីបំផុតក្រសួងបរិស្ថានបានសម្រេចឱ្យផ្អាកការបញ្ចេញសំណល់រាវ ពីទីតាំងក្រុមហ៊ុនជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។ ក្រុមហ៊ុនត្រូវពីន័យអន្តរការណ៍ជាប្រាក់ តាមការប្រព្រឹត្តល្មើស តាមមាត្រានៃច្បាប់ និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាត ទៅតាមការគណនាជាក់ស្តែង។ លើសពីនេះ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការកែសម្រូលអាងប្រព្រឹត្រិកម្មឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសឡើងវិញ។ ក្រោយការកែសម្រួលរួច ត្រូវធ្វើការបំពាក់ឧបកណ៍ស្វ័យត្រួតពិនិត្យ បញ្ចេញសំណល់រាវ និងស្នើសុំវាយតម្លៃ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ មិនទាន់មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA នៅឡើយទេ ដូចនេះត្រូវពន្លឿនក្នុងរៀបចំរបាយការណ៍ EIA តាមការកំណត់។ យោងតាមច្បាប់ជាធរមាន ក្នុងករណី មិនអនុវត្តតាមចំណុចវិធានការខាងលើ ក្រសួងនិងចាត់វិធានការបិទក្រុមហ៊ុនតែម្តង។
ក្រសួងបរិស្ថានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង ក្រុមការងារក្រសួងបរិស្ថាន ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បានរកឃើញថា ក្រុមហ៊ុនបាននិងកំពុងដំណើអាជីវកម្ម កែច្នៃដំណាប់ស្វាយ សម្រាប់ការនាំចេញ។ ក្រុមហ៊ុនបានរៀបចំអាងប្រព្រឹត្តិកម្មរួចរាល់ និងកំពុងដំណើរការសាកល្បង ប៉ុន្តែក្រុមការងារបានរកឃើញថា អាងនេះមានលក្ខណៈតូច ពុំអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់ប្រចាំថ្ងៃរបស់ក្រុមហ៊ុននោះឡើយ ដែលមានចំនួន ៥០ ម៉ែត្រគូបក្នុង១ថ្ងៃ។ បច្ចុប្បន្ន សំណល់រាត្រូវត្រូវបានបង្ហូរចូលស្រះស្តុកបណ្តោះអាសន្នចំចំនួន១ទីតាំង ទំហំ១ហិកតា។ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញបន្ថែមថា ទឹកអូរធម្មជាតិ ដែលស្ថិតនៅជាប់ទីតាំងក្រុមហ៊ុន (ចំណុចបំពង់លូបង្ហូរទឹកខ្វក់ចូល) មានលក្ខណៈខុសពីធម្មតា (ពណ៌ទឹកបាយ និងឡើងពពុះ) ហើយទឹកអូរនៅផ្នែកខ្សែទឹកខាងក្រោម នៃទីតាំងក្រុមហ៊ុន (ចម្ងាយប្រហែល៣ គ.ម ពីទីតាំងក្រុមហ៊ុន) ក៏មានលក្ខណៈដូចគ្នានឹងនៅចំណុច ក្បែរទីតាំងក្រុមហ៊ុន និងមានក្លិនស្អុយ។ ជារួមក្រុមការងារបានពិនិត្យឃើញថា ការគ្រប់គ្រងសំណល់រាវកន្លងមក មិនបានត្រឹមត្រូវឡើយ ដែលនាំមានសំណល់រាវចូលប្រភពទឹកអូរ ដែលជាហេតុបង្កឲ្យមានក្លិនស្អុយ និងមានត្រីងាប់។
ក្រសួងបរិស្ថាន សូមធ្វើការអំពាវនាវដល់ម្ចាស់ រោងចក្រ សហគ្រាស ឬក្រុមហ៊ុន ដែលកំពុងដំណើរការអាជីវកម្ម ដែលមានសក្តានុពលប្រភពបំពុលទាំងអស់ ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមក្រមបរិស្ថាននិងធនធានធម្មជាតិនិងបទដ្ឋានគតិយុត្តនានាជាធរមាន ដែលមានចែងស្តីពីបរិស្ថាន និងសូមឈប់បង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត ព្រោះវាជាអំពើខុសច្បាប់ ហើយដែលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិង ជាពិសេសសុខភាពប្រជាពលរដ្ឋ៕




