• អ្នកនាំពាក្យក្រសួងការពារជាតិថា មេទ័ពភូមិភាគ២ថៃលោក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសថា នឹងដណ្តើមយកប្រាសាទតាក្របីវិញ និងបិទប្រាសាទតាមាន់ធំ…

    នៅយប់ថ្ងៃទី១០ សីហា ២០២៥ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានទាំងយប់ បន្ទាប់ពីលោក ប៊ុនស៊ីន ផាត់ឃ្លាំង មេភូមិភាគ២របស់ថៃ បានប្រកាសសារជាថ្មីម្តងទៀត ក្នុងការទាមទារដណ្តើមយកក្នុងអំឡុងពេលដែលលោក ប៊ុនស៊ីន ផាត់ឃ្លាំង នៅមានតួនាទីរយ:ពេល៥១ថ្ងៃទៀត ហើយការប្រកាសរបស់មេភូមិភាគ២របស់ថៃដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ និងការបន្តដាក់បន្លាលួសនៅតាមបន្ទាន់ព្រំដែនលើទឹកដីកម្ពុជា គឺជាការរំលោកភបំពានបទឈប់បាញ់ដែលមានការខិតខំប្រែងដោយទ្វេភាគី និងអន្តរជាតិ។

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ ថា៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

    ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

    កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។

    ជាមួយគ្នា ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។

    អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ផងដែរថា ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើម៕

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online