នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច អញ្ចើញទៅធ្វើពិធីបួយងសួងសុំសេចក្តីសុខជូនពលរដ្ឋកម្ពុជា និងកងទ័ពជួរមុខ ព្រមទាំងប្រមុខរាជរដ្ឋាភិបាល ដែលកំពុងប្រឈមខ្ពស់ពីការឈ្លានពានពីសំណាក់កងទ័ពថៃ ដែលរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា។
លោក ហួន រដ្ឋា អនុប្រធានប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយគណបក្សនយោបាយសម្ព័ន្ធភាព និងអ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន ព្រមទាំងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានទៅធ្វើការបួងសួងនៅវត្តកំពង់ហ្លួង ស្ថិតភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ដើម្បីបួងសួងសុំអង្គបារមីតាមអបិយ៍ជំនឿ ដើម្បីទៅតាមថែរក្សាបងប្អូនប្រជាពលរដ្ឋនិងកងទ័ពជួរមុខ ព្រមទាំងប្រមុខរាជរដ្ឋាភិបាលរបស់យើង។
លោក ហួន រដ្ឋា បានបន្ថែមថា បន្ទាប់ពីប្រតិភូបានទៅធ្វើការបួងសួងនៅវត្តកំពង់ហ្លួងរួច ប្រតិភូបន្តទៅធ្វើការបួងសួងបន្តទៀតនៅប្រាសាទភ្នំដារ អង្គរបុរី ដើម្បីសុំយាងបារមីព្រះនគរគោកធ្លក និងប្រលឹងបុព្វបុរស់ខ្មែរ ដើម្បីជួយតាមថែរក្សាពលរដ្ឋកម្ពុជា និងកងទ័ពកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសុខភាពល្អ មាំមួន និងទទួលជោគជ័យលើដោះស្រាយការទូត ដើម្បីអោយបញ្ឈប់ការឈ្លានពាន និងអនុវត្តបទឈប់បាញ់អោយមានប្រសិទ្ធភាព និងប្រទេសកម្ពុជាទទួលបានសន្តិភាពក្នុងពេលឆាៗប់ខាងមុខនេះ។
លោក ហួន រដ្ឋា បានបញ្ជាក់ថា ក្រោយមានការផ្ទុះអាវុធ៤យប់ ៥ថ្ងៃ ប្រទេសទាំងពីរកម្ពុជា ថៃ បានចរចារបង្កើតអោយមានបទឈប់បាញ់ក្រោមការសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី ចិន និងអាមេរិក ហើយបច្ចុប្បន្នកម្ពុជាកំពុងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនហើយ ប៉ុន្តែប្រទេសថៃ កងទ័ពថៃ នៅតែបន្តរំលោភបំពានបទឈប់បាញ់ម្តងហើយម្តងទៀត ដែលជាហេតុការព្រួយបារម្ភនៃការផុយស្រួយនៃការផ្ទុះអាវុធសារជាថ្មី។
លោក ហួន រដ្ឋា អនុប្រធានប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបន្តបន្ថែមទៀតថា អ្វីដែលយើងចង់បានគឺការអនុវត្តបទឈប់បាញ់ប្រទេសទាំងពីរជានិរន្តភាព ដើម្បីអោយប្រជាពលរដ្ឋប្រទេសទាំងពីរអាចវិលទៅកាន់ទីលំនៅរស់នៅរកស៊ីតាមធម្មតាវិញ និងជំរុញអោយស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ វិលត្រឡប់ទៅកាន់សភាពដើមវិញផងដែរ។
លោក ហួន រដ្ឋា បន្តថា ដូច្នេះហើយបានជាប្រតិភូយើងទៅធ្វើការបួងសួងនេះ គឺគោលបំណងសំខាន់សុំអោយពលរដ្ឋយើងមានសេចក្តីសុខ និងកងទ័ពមានសុវត្ថភាព សុខភាពល្អ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការដោះស្រាយតាមយន្តការការទូត ជាពិសេសគឺការអនុវត្តន៍ឈប់បាញ់ប្រកបដោយជោគជ័យ និងនិរន្តភាព។
លោកបានបន្ថែមថា ជាងនេះដើម្បីអោយប្រមុខរាជរដ្ឋាភិបាលទទួលជោគជ័យការដោះស្រាយតាមរយ:យន្តការការទូត យើងត្រូវមានការជឿជាក់រួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលអនុវត្តបទឈប់បាញ់អោយមានប្រសិទ្ធភាព ដើម្បីសុំអោយអន្តរជាតិបន្តយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់របស់ប្រទេសទាំងពីរអោយមានប្រសិទ្ធភាព និងជានិរន្តភាព។
លោក បន្ថែមថា ទន្ទឹមនឹងនេះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានការជឿជាក់យ៉ាងមុតមាំលើប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារជាតិ ជាពិសេសគឺការទាមទារទៅអន្តរជាតិអោយប្រទេសថៃអនុវត្តន៍បទឈប់បាញ់អោយប្រសិទ្ធភាពខ្ពស់បំផុត៕




