ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា វាជា «ឱកាសចុងក្រោយ» របស់អ៊ីរ៉ង់ដើម្បី «ចុះហត្ថលេខាលើឯកសារល្អ» ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបានលុបចោលការវាយប្រហារម្តងទៀត និងសន្យាថានឹងបន្តការចរចាតាមការស្នើសុំរបស់សម្ព័ន្ធមិត្តឈូងសមុទ្រពែរ្ស នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNN។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា “ប្រទេសជាច្រើនបានទូរស័ព្ទមក”។ “ពួកគេទាំងអស់គ្នាចង់ផ្តល់ឱកាសចុងក្រោយនេះ។ នេះជាឱកាសចុងក្រោយ”។
ដោយត្រូវបានអ្នកយកព័ត៌មានសួរអំពីអ្វីដែលខុសគ្នានៅពេលនេះ ដោយសារតែលោកធ្លាប់បានបញ្ឈប់ការវាយប្រហារពីមុនមក លោក Trump បាននិយាយថា «ខ្ញុំចង់ផ្តល់ឱកាសចុងក្រោយដល់ពួកគេមុនពេលត្រូវកាត់ក្បាល»។
លោក Trump បាននិយាយថា កិច្ចចរចាជាមួយអ៊ីរ៉ង់ «នឹងដំណើរការយ៉ាងឆាប់រហ័ស» ដោយព្យាករថា ច្រកសមុទ្រ Hormuz អាចនឹងបើកពេញលេញនៅថ្ងៃអង្គារ ក្នុងអ្វីដែលលោកចាត់ទុកថាជា «ដំណាក់កាលទីមួយ» នៃកិច្ចព្រមព្រៀងមួយ។
លោក Trump បានមានប្រសាសន៍ថា «វាមិនស្មុគស្មាញប៉ុន្មានទេ» ទោះបីជារដ្ឋបាលកំពុងប្រឈមមុខនឹងបញ្ហាក្នុងការបញ្ចប់សង្គ្រាមរយៈពេលជាច្រើនខែក៏ដោយ។
«ដំណាក់កាលទីពីរ» គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលលោកទទួលស្គាល់ថានឹង «ចំណាយពេលបន្តិច»។




