• ចាប់ពីម៉ោង១២យប់នេះតទៅ កម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ទនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃហើយ

    បន្ទាប់ពីក្រុមអ្នកនយោបាយជ្រុលនិយមថៃ បានគំរាមកម្ពុជាម្តងហើយម្តងទៀត ជាពិសេសថ្មីនេះ បានស្នើអោយរាជរដ្ឋាភិបាលថៃបញ្ឈប់ការនាំចូលប្រេងឥន្ធនៈអោយកម្ពុជា ដើម្បីអោយកម្ពុជាចុះចាញ់ថៃ។

    នៅយប់ថ្ងៃទី២២នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពូជា បានផុសសារនៅលើបណ្តាញសង្គមថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។

    សម្តេចមហាធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។

    ជុំសារឆ្លើយតបរបស់សម្តេចមហាបវរធិបតីនេះ គឺជាសារឆ្លើយតបចំពោះភាគគឃ្លើនរបស់ក្រុមអ្នកនយោបាយជ្រុលនិយមថៃ ដែលនៅតែបន្តប្រមាថកិត្តិយសកម្ពុជា ។

    ទន្ទឹមជាមួយគ្នានោះ លោក ហួន រដ្ឋា អ្នកតាមដានសង្កេតស្ថានភាពព្រឹត្តការណ៍ និងជាអនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានផ្តល់បទសម្ភាសន៍ថា ថៃកំពុងតែបន្តប្រមាថកម្ពុជាម្តងហើយម្តងទៀត ដោយមិនព្រមស្តារស្ថានការណ៍អោយវិលទៅរកភាពប្រក្រតីវិញ បញ្ហាតានតឹងនេះគឺថៃជាអ្នកបង្កើតឡើង ដែលយកការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំបី ដែលកងទ័ពថៃ បានចូលមកបាញ់ប្រហារកងទ័ពកម្ពុជាអោយស្លាប់ម្នាក់ភ្លាមៗនៅលើទឹកកម្ពុជា។

    ថៃមិនបានមានបំណងដោះស្រាយគ្នាជុំវិញការប៉ះទង្គិចគ្នាទេ ផ្ទុយទៅវិញថៃបានយកបញ្ហានេះរុញអោយរីករាលលើវិស័យផ្សេងៗទៀត ព្រមទាំងសារគំរាមកំហែងកម្ពុជាម្តងហើយម្តងទៀត។

    លោក ហួន រដ្ឋា បានបន្តទៀតថា ប្រសិនថៃមិនព្រមដោះស្រាយអោយស្ថានការណ៍វិលទៅរកភាពដើមវិញទេ និងបន្តគម្រាមកំហែងដល់ប្រទេសកម្ពុជាបន្តទៀត នោះខ្ញុំជឿជាក់ថា ការផ្អាទិញទំនិញពីប្រទេសថៃ មិនត្រឹតតែប៉ុន្នឹងនោះទេ គឺវាអាចនឹងលើសពីនេះបន្តទៀត។

    លោក ហួន រដ្ឋា បានបញ្ជាក់ពីគោលជំហរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថា ថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទាំងអស់ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស័្មនគ្រប់ប្រភេទ ពីប្រទេសថៃ ដើម្បីឈរលើគោលការណ៍ការពារបូរណភាពទឹកដី និងកិត្តិយសកម្ពុជា ដែលមិនអនុញ្ញាតិអោយប្រទេសណាមួយមកជាន់ឈ្លីកិត្តិយសកម្ពុជាបានឡើយ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online