រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលថវិកា និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន សម្រាប់បន្តជួយដល់កងកម្លាំងជួរមុខ និងបងប្អូនជនភៀសសឹក

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ បានទទួលយកថវិកាចំនួន ១០,៤៨២,៥០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ពីរដ្ឋបាលឃុំស្នាអន្សា ស្រុកក្រគរ ដឹកនាំដោយលោក មោក កោ ប្រធានក្រុមប្រឹក្សាឃុំ ដែលជាការចូលរួមបរិច្ចាគ របស់មន្ត្រីរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ រួមទាំងសប្បុរសជន មកប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានបន្តជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន និងបងប្អូនជនភៀសសឹក។ ពិធីប្រគល់-ទទួលថវិកា និងគ្រឿងឧបភោគបរិភោគឧបត្ថម្ភគាំទ្រខាងលើនេះ ត្រូវបានធ្វើឡើង នៅបន្ទប់រងចាំ អគាររដ្ឋបាលខេត្ត។
ឯកឧត្តម ខូយ រីដា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមថ្លែងអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលឃុំស្នាអន្សា ស្រុកក្រគរ រួមទាំងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានបន្តជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពានថៃ និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពិសេសប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមបន្តថា ការចូលរួមគាំទ្របរិច្ចាគធនធានផ្ទាល់ខ្លួន របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលឃុំស្នាអន្សា ស្រុកក្រគរ រួមទាំងសប្បុរសជននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត ទោះតិចក្តី ច្រើនក្តី គឺជាទឹកចិត្តដ៏ល្អថ្លៃថ្លា បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៕












