ឯកឧត្តម ឈាង វុន អនុញ្ញាតអោយលោក ហ៊ុយ បញ្ញាវ័ន្ត ប្រធានគម្រោង The SEED Cambodia ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ
———-

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតអោយលោក ហ៊ុយ បញ្ញាវ័ន្ត ប្រធានគម្រោង គ្រាប់ពូជន៍កម្ពុជា (The SEED Cambodia ហៅកាត់ថា The SEED) ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ នៅវិមានរដ្ឋសភា។
លោក ហ៊ុយ បញ្ញាវ័ន្ត បានមានប្រសាសន៍ថា The SEED បានរៀបចំកម្មវិធីមួយដែលមានគោលដៅលើកកម្ពស់ប្រាក់រៀល បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោក បានបន្តថា The SEED គឺជាការប្រកួតតស៊ូមតិបែបគោលនយោបាយ ដើម្បីដោះស្រាយអំពីចំណោទបញ្ហាដែលបានដាក់ជូនបេក្ខជន។ ក្នុងន័យនេះ បេក្ខជនប្រកួតតស៊ូមតិត្រូវបានចាត់ទុកជាអ្នកតាក់តែងគោលនយោបាយ ពន្យល់និងការពារគោលនយោបាយរបស់ខ្លួនទៅកាន់គណៈកម្មការ និងសាធារណជន ព្រមទាំងស្វែងរកចំណុចខ្សោយនៃគោលនយោបាយ ដោយលើកឡើងនូវប្រធានបទ នឹងចំណោទបញ្ហា រួមមានគោលដៅត្រូវអនុវត្ត។ ទន្ទឹមនឹងនេះ គម្រោងបានជ្រើសរើសយកខេត្តកំពង់ធំជាខេត្តគំរូដែលគ្មានកម្ចីក្រៅផ្លូវការ ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ និងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីបញ្ចៀសបំណុលលើសលប់។
លោក បានបន្ថែមថា អត្ថប្រយោជន៍ នៃកម្មវិធី The SEED គឺទទួលបានគំនិតថ្មីៗក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងការទាញចំណាប់អារម្មណ៍របស់សាធារណជន ពិសេសយុវជន និងការជំរុញការប្រើប្រាស់ប្រាក់រៀល។
ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ហ៊ុយ បញ្ញាវ័ន្ត រួចមក ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា គម្រោងត្រូវឈរលើគោលការណ៍បីសំខាន់ៗ
១-គម្រោងដាក់ចេញនូវគោលនយោបាយច្បាស់លាស់
២-គម្រោងត្រូវរកធនធានមនុស្សដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់
៣-ត្រូវមានថវិកាគ្រប់គ្រាន់ ដើម្បីរៀបចំគម្រោង។
ឯកឧត្តម បានបន្តថា គម្រោងនេះល្អបានចូលរួមចំណែកដល់ប្រទេសកម្ពុជា បញ្រ្ជាបនូវចំណេះដឹងដល់សាធារណជន ជាពិសេសយុវជនយុវនារី កាត់បន្ថយការខ្ចីក្រៅផ្លូវការ ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុដើម្បីបញ្ចៀសបំណុលលើសលប់៕













