ករណីរថភ្លើងក្រឡប់ទូរធ្លាយប្រេងឥន្ទនៈ បានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទៅដួសរក្សាទុកគ្រប់គ្នា ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ រថភ្លើង១ខ្សែដឹកប្រេងនេះមានទិសដៅពីភ្នំពេញឆ្ពោះទៅកាន់ខេត្តបាត់ដំបង បានធ្លាក់ទូររថភ្លើងពីផ្លូវដែក ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីគ្រោះថ្នាក់នេះកើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូនៅខេត្តបាត់ដំបង។
បន្ទាប់ពីមានហេតុការណ៍បានកើតឡើង មន្ត្រីជំនាញក្រសួងបរិស្ថាន រួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរ កំពុងចុះពិនិត្យទៅលើហេតុប៉ះពាល់បរិស្ថាន ដែលអាចកើតចេញពីប្រេងឥន្ធនៈ នៃទូររថភ្លើងទឹកប្រេង ធ្លាក់ចេញពីផ្លូវ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្ត្រីជំនាញក្រសួងបរិស្ថាន ត្រូវបានចាត់ទៅដល់ទីកន្លែងផ្ទាល់ កាលពីសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យទីតាំងលេចធ្លាយប្រេងចេញស៊ីទែនប្រេងដឹកជញ្ជូនតាមផ្លូវដែក។
ក្រុមការងារចុះពិនិត្យ និងវាយតម្លៃផលបះពាល់បរិស្ថានពីការលេចធ្លាយទៅលើដីចូលក្នុងទឹក។ ជាមួយគ្នានេះក្រុមការងារ និងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីកំណតវិធីសាស្ត្រ សម្អាត ប្រមូល និងទុកដាក់សំណល់ប្រកបដោយសុវត្ថិភាពបរិស្ថាន។
តាមប្រភពបាននៅកន្លែងកើតហេតុបានអោយដឹងថា ប្រជាពលរដ្ឋបាននាំគ្នាទៅដួសប្រេងដែលបានធ្លាយចេញពីទូររថភ្លើង ដើម្បីយកទៅទុកប្រើប្រាស់គ្រប់គ្នាផងដែរ។
ចំពោះនៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងយកចិត្តទុកដាក់លើសុវត្ថិភាព ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ៕




