ពលរដ្ឋភៀសសឹក៖ ខ្ញុំធ្លាប់ឆ្លងកាត់គ្រាប់ផ្លោងរួចហើយ ខ្ញុំមិនចង់ឃើញការព្រាត់ប្រាស់ កូនកំព្រា ស្ត្រីមេម៉ាយ មនុស្សពិការទេ កម្ពុជាត្រូវការសន្តិភាព

ប្រជាពលរដ្ឋជាជនភៀសសឹកបានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ដែលចុះទៅសម្ភាសន៍ និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ពួកគាត់ដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ ដូច្នេះពួកគាត់មិនចង់ឮ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុកម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិការនោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។





