ភាពយន្តចិនរឿង «GREEN WAVE» ឈ្នះពានរង្វាន់ «Best Film of The Year» ក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈពានរង្វាន់២១ទៀត ត្រូវបានរកឃើញម្ចាស់ជ័យលាភី

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ ប្រចាំឆ្នាំ២០២៥ ដើម្បីប្រគល់ពានរង្វាន់ភាពយន្តឆ្នើម ឆ្នាំ២០២៥ ដល់ម្ចាស់ជ័យលាភី Best Film of The Year នៅសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ។
ពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ ព្រមទាំងស្ថានទូតចិនប្រចាំកម្ពុជា, ផលិតករភាពយន្ត អ្នកដឹកនាំរឿង និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្ត សិល្បករ សិល្បការនី សរុបប្រមាណ ៥០០នាក់។
ចំពោះមុខអង្គពិធី, លោកស្រីរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សិល្បករ សិល្បការនី ដែលបានអញ្ជើញចូលរួមធ្វើជាសក្ខីភាព ក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តឆ្នើមសម្រាប់ឆ្នាំ២០២៥ នាឱកាសនេះ។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងបន្តថាភាពយន្តមានលក្ខណៈពិសេស គឺប្រៀបដូចជាស្ពានភ្ជាប់ទំនាក់ទំនង បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ចែករំលែកនូវរឿងរ៉ាវនានាប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងមានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះ នៃប្រពៃណីវប្បធម៌ផ្សេងៗទៀត។
ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ថា កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ អ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែវាជាការរួមចំណែកបន្ថែមទៀត ក្នុងការពួនជ្រុំនូវចំណងមិត្តភាព ជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់ភាពយន្តផង និងបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកថាសកម្មភាពដែឡបានរៀបចំនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌របស់ប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់។ បន្ថែមពីនេះ ព្រឹត្តិការណ៍ ប្រៀបដូចជាជំនួបរវាងផលិតករ អ្នកដឹកនាំភាពយន្ត សិល្បករ សិល្បការនីពីបណ្ដាប្រទេសផ្សេងៗ អាចធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងទិសដៅពង្រឹងគុណភាពភាពយន្តរបស់ខ្លួន។ នេះបើយោងតាមប្រសាសន៍របស់ លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សូមជម្រាបថា ម្ចាស់ជ័យលាភី Best Film នៅក្នុងឆ្នាំ២០២៥នេះ គឺបានទៅលើខ្សែភាពយន្តចិន ដែលមានចំណងជើងថា «GREEN WAVE» ដឹកនាំដោយលោក Xu Lei។ រឿងនេះគឺបាននិយាយពីប្រវត្តិរបស់បុរសម្នាក់ឈ្មោះ Wei Fei ដែលតែងតែស្រមៃចង់ក្លាយជាអ្នកនិពន្ធអក្សរសិល្ប៍។ ប៉ុន្តែដោយសារតែជីវភាពរបស់គាត់ ទើបគាត់បានបោះបង់ក្ដីស្រមៃរបស់គាត់ចោល។ ប៉ុន្តែដោយមានការលើកទឹកចិត្ត និងការគាំទ្រពីមិត្តភ័ក្តិ Wei Fei ក៏បានតស៊ូដេញចាប់ក្តីស្រមៃរបស់គាត់រហូតទទួលបានជោគជ័យ។
ក្រៅពីពានរង្វាន់ Best Film ក៏មានពានរង្វាន់ដែលត្រូវប្រគល់ជូនផ្សេងទៀត សរុបចំនួន២១រួមមាន៖ ពានរង្វាន់សំខាន់ (Main Competition Award)ចំនួន១៣, ពានរង្វាន់កិត្តិយស (Asian Honor Section) ចំនួន៦ និងពានរង្វាន់សម្រាប់ភាពយន្តខ្នាតខ្លី (RISE-UP Section)ចំនួន២ ។ ក្នុងនោះ រឿងភាពយន្តខ្មែរខ្នាតវែងគឺ រឿង «ភ្លើងឆេះក្លឹបក្រោមដី» (ផលិតកម្មអិលឌី ភីកឈរ) ទទួលបានពានរង្វាន់ Best Leasding Actress និងភាពយន្តឯកសារខ្នាតខ្លីមានចំណងជើង «RESPOKEN» ក៏ទទួលបានពានរង្វាន់ចំនួន២ ផងដែរ៕





