ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី អញ្ជើញដឹកនាំប្រតិភូ បន្តចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណកម្មការទី៨) និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តអញ្ជើញជួបសំណេះសំណាល និងចុះសាកសួរសុខទុក្ខវីរកងទ័ពរងរបួសនៅសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលជម្ងឺចំនួន ១៧នាក់ នៅមន្ទីពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។
នាឱកាសនោះ លោកជំទាវ ឡោក ខេង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនកងទ័ពគ្រប់េពលវេលា។ ជាមួយគ្នានេះ លោកជំទាវ ព្រមទាំងគណៈប្រតិភូទាំងអស់ បានជូនពរឱ្យវីរយុទ្ធជនទាំងអស់មានសុខភាពល្អ និងឆាប់ជាសះស្បើយ ដើម្បីបានទៅបម្រើជាតិមាតុភូមិ ។
ទន្ទឹមនឹងនេះ លោកជំទាវ ឡោក ខេង បានបញ្ជាក់ពីទឹកចិត្តគោរព ការកោតសរសើរ និងដឹងគុណដល់វីរភាពកងទ័ព ដែលបានតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងសេចក្តីសុខសន្តិភាពជូនជាតិ និងប្រជាជន ព្រមទាំងសម្តែងនូវអំណរគុណក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានកំពុងបំពេញតួនាទីជាកងទ័ពអាវសជួរក្រោយ ដោយឈរលើស្មារតីសាមគ្គីភាពជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ មើលថែទាំ និងព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បាននាំយកថវិកាផ្តល់ជូនដល់វីរកងទ័ពដែលរងរបួសចំនួន ១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ លានរៀល និងក្រមា១ ដោយក្នុងនោះ ថវិកាសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ចំនួន ២០ម៉ឺនរៀល ក្នុងម្នាក់ ថវិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ចំនួន ២០ម៉ឺនរៀល ថវិកាគណៈកម្មការទី៤ ចំនួន ២០ម៉ឺនរៀល ថវិកាគណៈកម្មការទី៨ ចំនួន ២០ម៉ឺនរៀល និងថវិកាគណៈកម្មការទី៩ ចំនួន ២០ម៉ឺនរៀល ក្រម៉ាចំនួនម្នាក់០១ និងបានឧបត្ថមថវិកាដល់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ចំនួន ៤លានរៀលផងដែរ៕





