• សង្គមស៊ីវិល បានកត់សម្គាល់ឃើញថា សកម្មជនរបស់អតីតគណប្សសង្គ្រោះជាតិ ដែលជ្រកក្រោមគណបក្សប្រឆាំងមួយចំនួននៅកម្ពុជា កំពុងផ្តាច់ខ្លួនចាកចេញពីគណបក្សប្រឆាំងទាំងនោះ ជាបន្ទាប់ពីសកម្មភាពទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួននឹងបក្សពួក។

    បច្ចុប្បន្នសកម្មជនគណបក្សប្រឆាំងមួយចំនួន ដែលនៅមានសេណារីយោនៃសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវបានរលាយនាពេលកន្លងទៅ កំពុងបានផ្តាច់ខ្លួនចេញចាកពីគណបក្សប្រឆាំងមួយចំនួន ព្រមទាំងស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

    ការចាកចេញរបស់សកម្មជនទាំងអស់នោះ ត្រូវបានគេយល់ឃើញថា ដោយសារតែមួយរយៈពេលចុងក្រោយនេះ គេឃើញសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមជ្រុលនិយមក្រៅប្រទេស ធ្វើសកម្មភាពញុះញុងលាបពណ៌លើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលដោយស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

    ថ្មីៗនេះផងដែរ សមាគមអង្គការសង្គមស៊ីវិល ក៏បានគត់សម្គាល់ឃើញថា សកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ កំពុងបានផ្តាច់ខ្លួនចាកចេញជាបន្តបន្ទាប់ ហើយការផ្តាច់ខ្លួននេះ ប្រជាហែលជាសកម្មជនទាំងអស់នោះយល់ថា គណបក្សមួយចំនួននោះជាសេនារីយោរបស់ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយបំផ្លាញសន្តិភាពជាតិ ជាក់ស្តែងថ្មីៗនេះ សកម្មជន១៦នាក់ និងភ្នាក់ងាររបស់បក្សភ្លើងទៀននៅស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង ៦នាក់ ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

    លោក ហួន រដ្ឋា ប្រធានសមាគមសហព័ន្ធបណ្តាញព័ត៌មានកម្ពុជា និងជាអនុប្រធានកិត្តិយសសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បាននិយាយថា តាមការសិក្សាស្រាវជ្រាវ ការយល់ឃើញរបស់ប្រជាពលរដ្ឋលើផ្នែកនយោបាយបានឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនដែលចាកចេញពីគណបក្សប្រឆាំងមួយចំនួន ដោយសារតែពួកគាត់បានយល់ឃើញថា គណបក្សទាំងអស់នោះគឺជាសេណារីយោរបស់ទណ្ឌិត សម រង្ស៊ី ជាបុគ្គលធ្វើនយោបាយបំផ្លាញជាតិ បំបែកបំបាកសាមគ្គីភាពជាខ្មែរ បំផ្លាញសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីសម្រេចគោលបំណងមហិច្ឆិតារបស់ខ្លួនផ្តួលរំលំរាជរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

    លោក ហួន រដ្ឋា បានឲ្យដឹងបន្ថែមថា តាមការស្រាវជ្រាវបានឲ្យដឹងបន្ថែមទៀតថា ប្រជាពលរដ្ឋបច្ចុប្បន្នបានឃើញច្បាស់អំពីការខិតខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីអភិវឌ្ឍន៍ជាតិ និងការពារសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សាធារណៈ ផ្តល់សុខដុមរមនាជូនប្រជាពលរដ្ឋកម្ពុជា។

    ជាងនេះប្រជាពលរដ្ឋបានឃើញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី ខៈណៈកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ។

    លោក ហួន រដ្ឋា បានបញ្ជាក់ថា សម័យនេះ គឺជាសម័យទំនើបបច្ចេកវិទ្យា និងឌីជីថល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គម ទាំងនៅក្នុងស្រុក និងអន្តរជាតិ ប្រជាពលរដ្ឋបានដឹងព័ត៌មានគ្រប់ៗគ្នា។ ចំពោះការចាកចេញរបស់សកម្មជននៃគណបក្សប្រឆាំងមួយចំនួន មិនមែនដោយសារការអូសទាញនោះទេ ប៉ុន្តែ៩០% គឺជាការចង់ចាកចេញរបស់ពួកគាត់ដោយផ្ទាល់។

    លោកបានបន្តបន្ថែមថា បច្ចុប្បន្ននេះសមាគមអង្គការសង្គមស៊ីវិលជាច្រើននៅកម្ពុជា ក៏កំពុងបានយល់អំពីតម្លៃនៃសន្តិភាព និងស្ថេរភាពនយោបាយ ហើយនៅក្នុងគោលបំណងរបស់សមាគមអង្គការសង្គមស៊ីវិល ដែលបំរើសង្គមជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការពារសន្តិភាព និងស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលទៀតផង។

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ CNI TV Online