ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យទីវត្តអារាម សាលារៀន និងមណ្ឌលសុខភាព ដែលរងការខូចខាតដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីលេីអាកាស ដោយយោធាថៃ។

(ឧត្តរមានជ័យ) ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំក្រុមការងារចុះពិនិត្យទីវត្តអារាម សាលារៀន និងមណ្ឌលសុខភាព ដែលរងការខូចខាតដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីលេីអាកាស ដោយយោធាថៃ ស្ថិតក្នុងស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ការចុះពិនិត្យផលប៉ះពាល់នេះ គឺដើម្បីពិនិត្យវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន មុននឹងការវិលត្រលប់ របស់ប្រជាពលរដ្ឋភៀសសឹក និងសិស្សានុសិស្ស ក្នុងគោលដៅធានាសុវត្ថិភាពជូនពួកគាត់សម្រាប់ការប្រារព្ធពិធីបែបសាសនា ការបំពេញសកម្មភាពការងារប្រចាំថ្ងៃ ការពិនិត្យព្យាបាល និងការសិក្សារៀនសូត្រ ជាដេីម។ គម្រោងបោសសម្អាតនេះ នឹងគាំទ្រផងដែរដល់សកម្មភាពសាងសង់ និងជួសជុលនូវអគារទាំងឡាយណា ដែលបានទទួលរងការខូចខាតដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីលេីអាកាសដោយយោធាថៃ។
អាជ្ញាធរមីន នឹងបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករបោសសម្អាតមីនទាំងអស់ ដេីម្បីពិនិត្យលទ្ធភាពធ្វេីការបោសសម្អាត ទៅតាមពេលវេលាចាំបាច់ និងសមស្របណាមួយ។





