ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារវីរយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ លោកពលបាលត្រី គង់ លីហូវ នៅអង្គភាព កងពលតូចលេខ ៦ ចំណុះកងពលធំអន្តរាគមន៍លេខ ២ ប្រចាំការនៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខាងក្រោយ ហើយគ្រួសារមានជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយម្ដាយនិងភរិយាមានកូនតូចៗជាច្រើននាក់នៅក្នុងបន្ទុក ដោយបានប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅជេីងភ្នំសន្ទុកសម្រាប់ចិញ្ចឹមជីវិត ស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក គង់ លីហូវ បានបញ្ជាក់ថា ក្រៅពីភារកិច្ច ជាយុទ្ធជនការពារបូរណភាពទឹកដី នៅតំបន់ខេត្តឧត្តរមានជ័យ រូបលោកក៏ជាអ្នកប្រដាល់ ដែលធ្លាប់ប្រកួតនៅលើសៃវៀនជាច្រើនលើកកន្លងរួចអស់ហើយ។ តែបច្ចុប្បន្ននេះដោយសារប្រទេសជាតិកំពុងរងគ្រោះអសន្តិសុខដោយសារសង្គ្រាមឃ្លានពានទឹកដីពីសំណាក់ពួកចោរសៀម នៅតាមព្រំដែនកម្ពុជា-ថៃ បានតម្រូវឲ្យរូបលោក កាន់អាវុធត្រៀមប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពាន នៅតំបន់ខេត្តឧត្ដរមានជ័យ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម នឹងបានសូមឱ្យលោកពលបាលត្រី គង់ លីហូវ ឆាប់បានជាសះស្បើយពីជំងឺ នឹងបានវិលត្រឡប់ទៅកាន់អង្គភាពវិញ ដើម្បីបន្តបំពេញកាតព្វកិច្ចការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ជាបន្តទៅទៀត ហើយនឹងសុំឲ្យលោកឪពុក ដែលជាជនពិការ មានសុខភាពល្អ គ្រប់គ្រងដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គល។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកពលបាលត្រី គង់ លីហូវ និងក្រុមគ្រួសារ ដើម្បីជួយដោះស្រាយនូវរាល់ការលំបាកក្នុងជីវភាពក្រុមគ្រួសារផងដែរ និងសម្រាប់ដោះស្រាយក្នុងការព្យាបាលជំងឺផងដែរ ។





