ដើម្បីកុំអោយមានការភ័ន្តច្រឡំ តាមមនោគមរបស់ជនអគតិណាមួយលាភពណ៌មកលើទាហាន នាយទាហាន ដែលការពារនៅបណ្តោយព្រំដែន ជាពិសេសនៅតំបន់ប្រាសាទតាមាន់ក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែលតាមបណ្តោយព្រំដែន។ ក្នុងន័យនេះ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបានប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅបង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ។
ក្រសួងការពារជាតិ បានច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង៕




