អភិបាលខេត្តកំពង់ចាម ៖ ការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ធ្វើឱ្យកំណើនសេដ្ឋកិច្ចខេត្តមានការកើនឡើង

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ដោយសារការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង និងមានការអភិវឌ្ឍទទួលបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២៤ កន្លងទៅ។
ការលើកឡើងដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន នៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ ២០២៤ កន្លងទៅឃើញថា កត្តាសេដ្ឋកិច្ចមានកំណើនខ្ពស់ ដែលទំហំទឹកប្រាក់មានចំនួន ២,៦៥៧ លានដុល្លារ ដែលការរីកចម្រើននេះ ពាក់ព័ន្ធទៅលើវិស័យធំៗមានដូចជា វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម សិប្បកម្ម ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខាងលើនេះ អាចកើនឡើងទៅបានដោយសារ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អ ដែលក្នុងនោះ
ទី១ ៖ ការងាររក្សាសន្តិសុខ បង្កបរិយាកាសដល់អ្នកវិនិយោគ ឱ្យមានសុវត្ថិភាព ធ្វើឱ្យពួកគាត់ដាក់ទុនបន្ត។
ទី២ ៖ ការបម្រើសេវាសាធារណៈ គឺសេវារដ្ឋបាល ផ្ដល់តាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលបង្កលក្ខណៈងាយស្រួល ផ្ដល់នូវភាពស្របច្បាប់ តាមរយៈការផ្ដល់ឯកសារនានា ឬការស្នើសុំនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មផ្សេងៗ ។
ទន្ទឹមនឹងនោះ ការកសាងប្រព័ន្ធផ្លូវគមនាគមន៍ ការកសាងសាលារៀន មន្ទីរពេទ្យ ជាការផ្ដល់សេវាបណ្ដុះបណ្ដាល សេវាគាំពារសុខភាពប្រជាពលរដ្ឋ ដែលទាំងអស់នោះគឺមានការប្រទាក់ក្រឡាគ្នា ដែលបានផ្តល់ផលប្រយោជន៍ទូទៅដល់ប្រជាពលរដ្ឋយើង ។ ដូច្នេះកត្តារក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ក៏ដូចជាការបម្រើសេវាសាធារណៈបានល្អ ធ្វើឱ្យមានអ្នកដាក់ទុនមករកស៊ីនៅក្នុងខេត្តកាន់តែច្រើន ឱកាសការងារដល់ប្រជាពលរដ្ឋយើងក៏មានកាន់តែច្រើនផងដែរ ៕







